ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែ និងថាមពល សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែ និងថាមពល»

ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែ និងថាមពល សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែ និងថាមពល»


សិក្ខាសាលានេះ ជាសិក្ខាសាលាទី២០ ក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២) បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ (៣) ពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១