ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន
ក្រោយការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធ ដោយលុប និងកែលម្អ ព្រមទាំងច្របាច់បញ្ចូលអង្គភាពមួយចំនួន។ រាល់ការរៀបចំទាំងអស់ ត្រូវអនុលោមស្មារតីនៃការងារកំណែទម្រង់រដ្ឋបាលសាធារណៈ «ពង្រឹង ជាជាងពង្រីក»។ នេះជាការដកស្រង់ខ្លឹមសារប្រសាសន៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ.។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា “ផ្អែកលើមូលដ្ឋាននៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដូចបានរៀបរាប់ខាងលើ ក្រសួង បានរៀបចំសេចក្ដីព្រាង ចំនួន៤ រួមមាន៖ (១) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ», (២) ព្រះរាជក្រឹត្យស្តីពី«ការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល», (៣) អនុក្រឹត្យស្តីពី«ការរៀបចំ និងការប្រព្រឹត្តទៅរបស់បណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជា» និង (៤ ) អនុក្រឹត្យស្តីពី«ការបង្កើតមន្ទីរពិសោធន៍ជាតិកសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល និងបានបញ្ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យ ពិភាក្សា និងបន្តនីតិវិធី»។”
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈ ចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន២លើក ប្រកបដោយ តម្លាភាព និងយុត្តិធម៌៕