ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅព្រះមហាសក្យមុនីចេតិយ (ភ្នំឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល
ពិធីបុណ្យមាឃបូជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទូទាំងប្រទេសសម្រាប់ពុទ្ធសាសនិកជនដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងជាការរម្លឹកដល់៖ ១-ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត ២-រំលឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ និង ៣-រំលឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។
ពុទ្ធបរិស័ទតែងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនជាប្រចាំ និងជារៀងរាល់ឆ្នាំ។ ព្រឹកនេះ ជាមួយវត្តមានសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃព្រះរាជាគណៈ និងមន្ត្រីសង្ឃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធនៅព្រះមហាសក្យមុនីចេតិយ (ភ្នំឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល។ ពិធីបុណ្យមាឃបូជាឆ្នាំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ តំណាងអង្គទូត សិស្ស និស្សិត និងពុទ្ធបរិស័ទដ៏ច្រើនកុះករដែលជាពុទ្ធសាសនិកជន។
កម្មវិធីមាឃបូជានៅព្រឹកនេះមានការប្រារព្ធបួងសួង នមស្ការ ព្រះរត្នត្រ័យ និងសមាទានសីល ការប្រកាសនូវមាឃបូជាសម្រាប់បុព្វជិត និងគ្រហស្ថ ដែលជាការប្រកាសរួមគ្នា មានវេរភត្ត មានកម្មវិធីព្រះសង្ឃភត្តានុមោទនា ឧទ្ទិសកុសលនានា ព្រមទាំងពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៨០អង្គផងដែរ។ តាមរយៈពិធីបុណ្យមាឃបូជានេះ យើងខ្ញុំព្រះករុណាសូមលើកមហាកុសលដែលកើតអំពីសទ្ធាជ្រះថ្លាថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់សោយព្រះបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
យើងខ្ញុំព្រះករុណាក៏សូមយកមហាកុសលនេះថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រិយ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះសុខុមាលភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំនៃកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
សូមថ្វាយមហាកុសលនេះ ចំពោះសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈគ្រប់ឋានានុក្រម ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមជូនកុសលនេះចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ សម្រេចជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការដឹកនាំមាតុភូមិកម្ពុជា សុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ និងសូមបានប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕