ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមផ្ញើសារលិខិតជូនពរ គោរពជូនចំពោះ សម្តេចសេនាវិបុលភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ សម្តេចវិបុលសេនាភក្តី គម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ពិតជាមានសេចក្តី សោមនស្សរីករាយ និងសូមគោរពជូនពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃ និងជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា សូមបង្ហាញនូវក្តីគោរព និងកោតសរសើរដោយ ស្ម័គ្រស្មោះបំផុត ចំពោះ សម្តេចវិបុលសេនាភក្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដោយមិនខ្លាចនឿយហត់ នៅក្នុងបេសកកម្មនៃការបម្រើជាតិមាតុភូមិ តាមរយៈការចូលរួមថែរក្សា ការពារ សន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព ព្រមទាំងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេច តែងតែអប់រំ ទូន្មាន ចែករំលែកបទពិសោធ និងផ្តល់ឱកាសដល់មន្ត្រីបន្តវេនវ័យក្មេង ឱ្យបានរៀនសូត្រ ហ្វឹកហាត់សមត្ថភាព និងចូលរួមក្នុងបេសកកម្មនៃការកសាង និងអភិវឌ្ឍសង្គមជាតិ។ មនសិកាស្នេហាជាតិ ឆន្ទៈដ៏មោះមុត និងកាយវិការដ៏ថ្លៃថ្លា ដែលតែងតែដាក់ តម្កល់បេសកកម្ម និងបុព្វហេតុជាតិមាតុភូមិ របស់ សម្តេចវិបុលសេនាភក្តី ពិតជាគំរូដ៏ល្អប្រសើរ សម្រាប់យុវជនជំនាន់ក្រោយ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកដៃបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចវិបុលសេនាភក្តី និងក្រុមគ្រួសារ សូមទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕