បេក្ខភាព អង្គភាពផ្តល់សេវាសាធារណៈគំរូសុទ្ធតែបានលើកឡើងក្នុងស្មារតីរួមមួយថា «លើសពីភាពឈ្នះ ឬចាញ់ ចលនាប្រកួតប្រជែង នឹងនាំមកនូវការរីកចម្រើនទាំងអស់គ្នា»
ការវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយថ្ងៃទី២ បានបញ្ចប់ដោយរលូន។ ក្នុងថ្ងៃទី២នេះ អង្គភាពជាបេក្ខភាពក្នុងវិស័យអប់រំចំនួន១ និងវិស័យសុខាភិបាលចំនួន៨ បានធ្វើបទបង្ហាញអំពីការអនុវត្ត និងសមិទ្ធផលក្នុងបេក្ខភាពជាអង្គភាពផ្តល់សេវាសាធារណៈគំរូ និងធ្វើការឆ្លើយតបការចោទសំណួរពីគណៈកម្មការ ក្រោមការពិនិត្យវាយតម្លៃដោយផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ. ព្រមទាំងគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្នុងបទបង្ហាញរបស់បេក្ខភាពទាំងពីរថ្ងៃមកនេះ មានការកត់សម្គាល់ជាច្រើន ដែលសុទ្ធតែជាវឌ្ឍនភាពរបស់អង្គភាព ដែលផុសចេញពីការចូលរួមប្រកួតប្រជែង។ អង្គភាពស្ទើរតែទាំងអស់ដែលបានឆ្លងកាត់មកដល់ដំណាក់កាលចុងក្រោយនេះ សុទ្ធតែបង្ហាញស្មារតីរួមថា «លើសពីភាពឈ្នះ ឬចាញ់ ចលនាប្រកួតប្រជែង នឹងនាំមកនូវការរីកចម្រើនទាំងអស់គ្នា។» នៅពេលដែលបានចូលរួមក្នុងការប្រកួតប្រជែង ទោះបីមិនទាន់ក្លាយជាជ័យលាភីក្តី មិនថា លេខមួយ ឬលេខ២ ឬលេខប៉ុន្មានក្តី តែអង្គភាពនីមួយៗទទួលបានការរីកចម្រើនគួរកត់សម្គាល់ ទាំងស្ថានភាពវិវត្តរបស់អង្គភាព និងការវិវត្តលើបច្ចេកទេសនៃដំណើរការការងារប្រចាំថ្ងៃរបស់អង្គភាព។ នេះជាផលជះចេញពីកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។
សូមជម្រាបថា ក្នុងថ្ងៃស្អែកបេក្ខភាពក្នុងវិស័យសុខាភិបាលចំនួន៧ នឹងត្រូវធ្វើបទបង្ហាញអំពីការអនុវត្ត និងសមិទ្ធផលក្នុងបេក្ខភាពជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំងធ្វើការឆ្លើយតបជាមួយការចោទសំណួរពីគណៈកម្មការ៕