ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ឈានដល់ដំណាក់កាលវាយតម្លៃចុងក្រោយ តាមរយៈការធ្វើបទបង្ហាញ ចំនួន២៥ និងប្រើប្រាស់ពេលវេលាចំនួន ៣ថ្ងៃ


គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ.។ អង្គភាពលេចធ្លោជាងគេចំនួន២៥ អង្គភាព ទាំងវិស័យអប់រំនិងវិស័យសុខាភិបាល បាន និងកំពុងធ្វើបទបង្ហាញក្នុងភាពជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។

សមាសភាពរបស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. ចូលរួមធ្វើការវាយតម្លៃមកពីតំណាងទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សូមជម្រាបថា បេក្ខភាពនីមួយៗ ត្រូវប្រើប្រាស់ពេលវេលារយៈពេល ៣០នាទីដើម្បីធ្វើបទបង្ហាញ និង ២០នាទីលើការឆ្លើយតបនូវរាល់សំណួររបស់គណៈកម្មការ។ ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូដំណាក់កាលចុងក្រោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានអង្គភាពជាបេក្ខភាពក្នុងវិស័យអប់រំចំនួន៥ និងវិស័យសុខាភិបាលចំនួន១៥ ចូលរួមធ្វើបទបង្ហាញ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១