“ក្នុងបរិបទនៃការងារកែទម្រង់ ជាពិសេសការវិភាគមុខងារ យើងទាំងអស់គ្នា ចាំបាច់ត្រូវតែចេញដំណើរជាមួយគ្នា ចាប់ផ្តើមឈ្វេងយល់ពីគោលបំណង និយមន័យ បេសកកម្ម ទស្សនវិស័យវែងឆ្ងាយឆ្ពោះទៅមុខ ដោយមានការឯកភាពទស្សនៈរួម”


ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម » នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានលើកឡើងពីគោលបំណងក្នុងការរៀបចំសិក្ខាសាលាតាមបណ្តាក្រសួងស្ថាប័ន ដើម្បីបង្ហាញវឌ្ឍនភាពព័ត៌មានជាមួយគ្នា និងជាពិសេសការសហការជាមួយគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ។​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា “រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ បានយល់ច្បាស់ពីស្ថានភាពនយោបាយ និងស្ថានភាពបច្ចេកទេសផ្សេងគ្នានៅតាមបណ្តាក្រសួង ស្ថាប័ននីមួយៗ។​ ក្នុងបរិបទនៃការងារកែទម្រង់ ជាពិសេសការវិភាគមុខងារ យើង​ទាំងអស់​គ្នា ចាំបាច់ត្រូវតែចេញដំណើរជាមួយគ្នា តាមរយៈការចាប់ផ្តើមឈ្វេងយល់ពីគោលបំណង និយមន័យ បេសកកម្ម ទស្សនវិស័យវែងឆ្ងាយឆ្ពោះទៅមុខ ជាមួយនឹងការឯកភាពទស្សនៈរួមគ្នា។​ […]​ ក្រសួងមុខងារសាធារណៈ ក្នុងនាម​ជា​លេខាធិការដ្ឋាន គ.វ.រ. តែងតែបានត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា និងការពិគ្រោះយោបល់ជាបន្តបន្ទាប់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដើម្បីធ្វើយ៉ាងណា​សហការគ្នាសម្រេចគោលដៅ​នៃការវិភាគមុខងារ​ឱ្យបាន​ជាសមិទ្ធផល​ជូនដល់​រាជរដ្ឋាភិបាល។​” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែម។

ក្នុងន័យនេះ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមក្នុងអត្ថន័យថា ការធ្វើវិភាគមុខងារនាពេលនេះ ជាឱកាសរបស់យើងទាំងអស់គ្នា ដើម្បីពង្រឹងភាពធន់ និងដើម្បីរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់អ្នកជំនាន់ក្រោយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១