សូមអរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលតែងតែមមាញឹកជាប្រចាំដើម្បីជំរុញការសម្រេចបានសមិទ្ធកម្មខ្ពស់នៃការងារប្រចាំថ្ងៃរបស់ក្រសួង និងការងារកែទម្រង់រដ្ឋបាលសាធារណៈ
រយៈពេលមួយថ្ងៃៗ នៃការបំពេញការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ ជាការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាពដើម្បីបានសមិទ្ធផលជូនរាជរដ្ឋាភិបាល និងប្រជាជន។ ជាឧទាហរណ៍ ក្នុងពេលពេញមួយថ្ងៃកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានជួបជុំគ្នាជាបន្តបន្ទាប់ទាំងពេលព្រឹករហូតដល់ពេលល្ងាច ដើម្បីពិភាក្សាក្នុងកិច្ចប្រជុំដោយឡែកៗ។ ក្រៅពីកិច្ចប្រជុំ និងការអនុវត្តការងារនានាផ្សេងៗទៀត ក្នុងថ្ងៃតែមួយរបស់ថ្នាក់ដឹកនាំ និងមន្ត្រី កិច្ចប្រជុំចំនួន៣ ត្រូវបានដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ រួមមាន ៖ (១)កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពីការរៀបចំ និងការពង្រឹងយន្តការកែទម្រង់ដើម្បីលើកកម្ពស់អភិបាលកិច្ច (២) កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និង (៣)កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈសម្បត្តិរបស់ក្រុមការងារសន្និបាតក្រសួងមុខងារសាធារណៈ សម្រាប់ការៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។
ទាំងអស់នេះ បង្ហាញពីការអនុវត្តការងារប្រកបដោយមនសិការ វិជ្ជាជីវៈ ឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់របស់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ ដើម្បីសម្រេចគោលដៅរបស់ស្ថាប័ន និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ យើងខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រិរាជការទាំងអស់របស់កម្ពុជា ក៏កំពុងតែសស្រាក់សស្រាំដឹកនាំការងារតាមគោលដៅ និងមូលដ្ឋានរៀងខ្លួនដើម្បីផ្តល់សេវា និងបម្រើជាតិ និងប្រជាជនកាន់តែប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ៕