មិនថាមានភារកិច្ច ឬរវល់ច្រើនយ៉ាងណា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធាណៈ តែងតែបានយកចិត្តទុកដាក់​និងចាត់បញ្ជូនសហការី ​ដើម្បីនាំយក​ការសាកសួរ​សុខទុក្ខ​ដល់មន្ត្រី​នៃក្រសួងមុខងារ​សាធារណៈ​ ​ដែលមានទុក្ខធុរៈផ្សេងៗ


នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ដោយទទួលបានការចាត់បញ្ជូនពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកជំទាវ ដៀប ចាន់សុភា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណ: បានអញ្ជើញដឹកនាំក្រុមការងារ សួរសុខទុក្ខ និងនាំយកវត្ថុ​អនុស្សាវរីយ៍​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ជូនគ្រួសារឯកឧត្តម នាង កែវសុវណ្ណ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលលោកជំទាវឧត្តមភរិយារបស់ឯកឧត្តម ទើបនឹងសម្រាលបុត្ររួច នៅមន្ទីរសំរាកព្យាបាល និងសម្ភព ហ៊្សូលី។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរដល់ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមគ្រួសារ ដែលបានទទួលសមាជិកថ្មី និងសូមជូនពរឱ្យលោកជំទាវ និងបុត្រ សូមមានសុខភាពល្អ និងសុភមង្គល។

ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ និងបានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ បានសម្រេចជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១