ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន


នាព្រឹកថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាម្តាយរបស់លោកជំទាវ សុង ធីតា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសម្តែងនូវសេចក្តីសង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុស ចៅស្រី ដែលពេញមួយជីវិតរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន បានបូជាកម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ដែលបាន និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងជាការបាត់បងនូវពុទ្ធសាសនិកដ៏ល្អមួយរូប ដែលមានសទ្ធាជ្រះថ្លាក្នុងការរួមចំណែកកសាង លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១