ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់បេក្ខជនថា ពេលនេះជាការកាត់វិញ្ញាសាជានិមិត្តរូបនៃការចាប់ផ្តើមការប្រឡងវេនទី១។ ដោយឡែកវិញ្ញាសាវេនទី២ និងទី៣ កំពុងត្រូវបានតាក់តែងនៅឡើយ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់បេក្ខជនថា ពេលនេះជាការកាត់វិញ្ញាសាជានិមិត្តរូបនៃការចាប់ផ្តើមការប្រឡងវេនទី១។ ដោយឡែកវិញ្ញាសាវេនទី២ និងទី៣ កំពុងត្រូវបានតាក់តែងនៅឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ដើម្បីជូនដំណឹងដល់បេក្ខជនថា រាល់វិញ្ញាសានៃការប្រឡងទាំងអស់ត្រូវបានតាក់តែងភ្លាមៗ ក្នុងថ្ងៃតែមួយ និងធានាថាមិនមានការបែកធ្លាយវិញ្ញាសាដោយប្រការណាមួយឡើយ។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល បានចាប់ផ្តើម នាវេលាម៉ោង១២ ថ្ងៃត្រង់ លើវិញ្ញាសាជំនាញបច្ចេកទេស ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងអង្គភាពប្រឆាំងអំពើពុករលួយតំណាងសាកលវិទ្យាល័យនានា រួមទាំងសាធារណជនស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអ្នកសារព័ត៌មានជាច្រើនរូប។

មានប្រសាសន៍ជូនបេក្ខជនពេលកាត់វិញ្ញាសាជានិមិត្តរូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ពេលនេះជាការកាត់វិញ្ញាសាជានិមិត្តរូបនៃការចាប់ផ្តើមការប្រឡងវេនទី១ ខណៈវិញ្ញាសាវេនទី២ និងទី៣ កំពុងត្រូវបានតាក់តែងនៅឡើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ដើម្បីជូនដំណឹងដល់បេក្ខជនថា រាល់វិញ្ញាសានៃការប្រឡងទាំងអស់ត្រូវបានតាក់តែងភ្លាមៗ ក្នុងថ្ងៃតែមួយ ដោយសាស្ត្រាចារ្យ និងមន្ត្រីជំនាញ និងធានាថាមិនមានការបែកធ្លាយវិញ្ញាសាដោយប្រការណាមួយឡើយ។

សូមជម្រាបថា វិញ្ញាសាជំនាញបច្ចេកទេសដែលបេក្ខជនត្រូវប្រឡងប្រជែងនាពេលនេះ ត្រូវប្រើប្រាស់ថេរៈវេលាសរុបចំនួន ២ម៉ោង ចាប់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី។ វិញ្ញាសានេះមាន ១១ជំនាញ ដែលតាក់តែងដោយគ្រូចំនួន ៣៣រូប (គ្រូ ៣រូប សម្រាប់ ១ជំនាញ)។ ជម្រើសវិញ្ញាសាបេក្ខជននីមួយៗ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង ជ្រើសរើសយក ១ជម្រើសក្នុងមួយជំនាញ ឬសម្រេចជ្រើសរើសយកជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ បញ្ចូលគ្នាចេញពី ៣ជម្រើសដែលគ្រូតាក់តែងវិញ្ញាសាបានរៀបចំ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១