ឯកឧត្តម យក់ ប៊ុនណា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុន ម៉ានី ដើម្បីបិទសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី នៅខេត្តមណ្ឌលគិរី
សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ដែលប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ លើទឹកដឹខេត្តមណ្ឌលគិរី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។
មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ជូនអង្គសិក្ខាកាមជ្រាបថា ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ បន្ថែមលើនេះ ឯកឧត្តមក៏បានលើកឡើងអំពីសកម្មភាពការងារកែទម្រង់រដ្ឋបាលសាធារណៈផ្សេងៗទៀត ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដោយផែនការការងារឆ្ពោះទៅមុខបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមក៏បានអំពាវនាវស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមសហការនៅក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕