អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងមុខងារសាធារណៈ បង្ហាញសេចក្តីព្រាងឯកសារណែនាំដែល ស្តីពីការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង ជូនថ្នាក់ដឹកនាំដើម្បីស្វែងរកធាតុចូល


នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈបានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំបច្ចេកទេស ដឹកនាំដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សា និងស្វែងរកជាធាតុចូលទៅលើសេចក្តីព្រាង ឯកសារណែនាំ ស្តីពីការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង និងអនុក្រឹត្យ ស្តីពីការដាក់ឱ្យអនុវត្តការកំណត់មុខងារ និងការពិពណ៌នាមុខតំណែង។

មុននឹងឈានដល់កិច្ចពិភាក្សា ឯកឧត្តម ប្រាក់ ម៉ូវ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងមុខងារសាធារណៈបានរៀបចំបទបង្ហាញអំពីខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ និងឯកសារណែនាំដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដើម្បីដាក់ជូនថ្នាក់ដឹងនាំផ្តល់មតិយោបល់បន្ថែម។ សូមជម្រាបថា ការរៀបចំឯកសារណែនាំ និងអនុក្រឹត្យនេះ មានគោលបំណងជួយដល់ក្រសួង ស្ថាប័ន ក្នុងការរៀបចំកំណត់មុខតំណែង និង ការពិពណ៌នាមុខតំណែងឱ្យបានត្រឹមត្រូវ និងច្បាស់លាស់នៅតាមរចនាសម្ព័ន្ធគ្រប់គ្រងនៃអង្គភាពចំណុះ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១