លេខាធិការដ្ឋាន គ.វ.រ. ពិភាក្សាលើការបំពាក់មុខងារគាំទ្រលក្ខណៈជាបទដ្ឋានរួមតាមក្រសួង ស្ថាប័ន
ក្នុងគោលដៅនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់សាធារណៈ ដែលជាការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. លេខាធិការដ្ឋាន គ.វ.រ.។ កិច្ចប្រជុំនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៩ ខែវិច្ឋិកា ឆ្នាំ២០២៤ ជាការពិនិត្យលើសេចក្តីព្រាងសារាចរ ស្តីពី «ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»។
សារាចរនេះ បានកំណត់ឱ្យក្រសួង ស្ថាប័ន ត្រូវធ្វើការកំណត់មុខងាររបស់ខ្លួនឱ្យបានច្បាស់លាស់ រួមមាន៖ មុខងារស្នូលតាមវិស័យនីមួយៗ និងមុខងាររងនៃមុខងារស្នូលដែលក្រសួង ស្ថាប័នទទួលបន្ទុកស្របតាមគោលការណ៍និតិវិធី និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។ អ្វីដែលជាការកត់សម្គាល់ នោះគឺមានមតិគាំទ្រជាច្រើន និងការពិភាក្សាគ្នាយ៉ាងផុលផុសលើការរៀបចំ ឬបំពាក់មុខងារគាំទ្រជាបទដ្ឋានរួមតាមបណ្តាក្រសួង ស្ថាប័នទាំងអស់ក្នុងទម្រង់តែមួយ។ មុខងារគាំទ្រដែលត្រូវកែលម្អ ឬបំពាក់បន្ថែមមានចំនួន៩ រួមមាន៖ រដ្ឋបាល, ធនធានមនុស្ស, ហិរញ្ញវត្ថុ, ផែនការ និងស្ថិតិ, នីតិកម្ម, ទំនាក់ទំនងសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, ព័ត៌មានវិទ្យា/បរិវត្តកម្មឌីជីថល និងសវនកម្មផ្ទៃក្នុង។ ជាការគិតគូរគ្រោងទុកសម្រាប់ថ្ងៃខាងមុខគឺក្រសួង ស្ថាប័នទាំងអស់នឹងត្រូវមានមុខងារទាំង៩ ដូចៗគ្នា ឬប្រហាក់ប្រហែលគ្នា ហើយមុខងារទាំងនេះនឹងត្រូវធ្វើការប្រទាក់ក្រឡាគ្នាទាំងផ្ទៃក្នុងក្រសួងសាមីផង និងជាមួយក្រសួង ស្ថាប័នផ្សេងៗទៀតដែលមានវិស័យពាក់ព័ន្ធផង ក្នុងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សូមជម្រាបថា សារាចរដែលកំពុងរៀបចំ គឺជាដំណើរវិវត្តនៃការអនុវត្តវិធានការគន្លឹះទី២ ពោលគឺយោងតាមលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ ការរៀបចំឯកសារនេះ ធ្វើឡើងក្នុងគោលដៅដើម្បីជាមូលដ្ឋានសម្រាប់ដាក់ជូនរាជរដ្ឋាភិបាល ណែនាំដល់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ (លើកលែងក្រសួងការពារជាតិ និងអង្គភាពដែលទទួលបន្ទុកសន្តិសុខនៃក្រសួងមហាផ្ទៃ) កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន។
បន្ទាប់ពីស្តាប់មតិចូលរួមពីរបស់អង្គប្រជុំយ៉ាងផុលផុសរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានអង្គប្រជុំ បានកំណត់ឱ្យក្រុមការងារបញ្ចូលមតិយោបល់ទាំងអស់របស់សមាជិកអង្គប្រជុំ ដើម្បីបំពេញបន្ថែមក្នុងសេចក្តីព្រាងសារាចរនេះ និងកំណត់រយៈពេល ៣០ថ្ងៃ ដើម្បីឱ្យតំណាងក្រសួង ស្ថាប័នផ្តល់ធាតុចូលបន្ថែមទៅលើសារាចរ និងតារាងឧបសម្ព័ន្ធ ដើម្បីបន្តរៀបចំរបាយការណ៍ដាក់ជូន និងស្នើសុំសម្តេចធិបតី នាយករដ្ឋមន្ត្រីដើម្បីពិនិត្យ និងបន្តនីតិវិធី៕