កំពុងដំណើរការ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋានគ.វ.រ. ដើម្បីពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ


ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ដើម្បីពិភាក្សាលើសេចក្តីព្រាងសារាចរ ស្តីពីការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់ជារដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នដែលជាអនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) ព្រមទាំងមន្ត្រីជំនាញជាច្រើនរូប។

សូមជម្រាបថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងសារាចរ លេខ០៨ សរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការរៀបចំមុខងារ និងរចនាសម្ព័នរបស់ក្រសួង ស្ថាប័ន។ យោងតាមលទ្ធផលនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល នឹងរៀបចំដាក់ចេញនូវគោលការណ៍ណែនាំក្នុងការកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ (លើកលែងក្រសួងការពារជាតិ និងអង្គភាពដែលទទួលបន្ទុកសន្តិសុខនៃ ក្រសួងមហាផ្ទៃ)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១