ឯកឧត្ដម សយ រាសី អគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក
នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សយ រាសី អគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីជា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃនាយកដ្ឋានទទួលបន្ទុកគ្រប់គ្រងធនធានមនុស្ស គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ។ គោលបំណងនៃកិច្ចប្រជុំនេះគឺផ្តោតសំខាន់ទៅលើការពង្រឹងយន្តការគ្រប់គ្រងវត្តមានមន្រ្តីរាជការសុីវិល ការបម្រែបម្រួលស្ថានភាពរដ្ឋបាលរបស់មន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា តាមក្រសួង ស្ថាប័ន។
កិច្ចប្រជុំបានសម្រេចជាលទ្ធផលរួម គ្រប់ក្រសួង ស្ថាប័ន ត្រូវបញ្ជូនបញ្ជីវត្តមានមន្រ្តីរាជការរបស់ខ្លួនមកក្រសួងមុខងារសាធារណៈឱ្យបានមុនថ្ងៃទី១០ជារៀងរាល់ខែ ដើម្បីឱ្យក្រសួងមុខងារសាធារណៈធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹងនាំពិនិត្យ និងសម្រេច៕