ឯកឧត្ដម ប៉ូល ពីឌូ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបគណៈប្រតិភូឡាវ ដឹកនាំដោយលោកជំទាវ លីវង្ស ឡាវលី (Livong LAOLY) អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ


នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្ដម ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងគណៈប្រតិភូឡាវដឹកនាំដោយលោកជំទាវ លីវង្ស ឡាវលី អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបសំដែងការគួរសមនិងពិភាក្សាការងារ។ ក្នុងជំនួបខាងលើ គណៈប្រតិភូនៃប្រទេសទាំង២ បានផ្ដោតលើចំណុចពិភាក្សាសំខាន់ៗ រួមមាន (១)ការផ្លាស់ប្ដូរបទពិសោធពីគ្នាទៅវិញទៅមករវាងប្រទេសទាំង២ កម្ពុជា-ឡាវ ក្នុងវិស័យមុខងារសាធារណៈ (២)ការត្រៀមរៀបចំដើម្បីឈានទៅចុះអនុស្សារណៈនៃការយោគយល់គ្នាលើវិស័យមុខងារសាធារណៈនៃប្រទេសទាំង២ ក្នុងឆ្នាំ២០២៥។

ក្នុងជំនួបនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងនូវប្រវត្តិកកើតក្រសួងមុខងារសាធារណៈ ក៏ដូចជាការបន្តបេសកកម្មក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដ៏មុតស្រួច ក្រោមការដឹកនាំរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន​ម៉ានី ឆ្ពោះទៅសម្រេចគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យនិងភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជំនួសមុខឱ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងជាច្រើនអំពីសមិទ្ធផលជាផ្លែផ្កាទាំងក្នុងក្របខណ្ឌការងារស្នូលរបស់ក្រសួង ក្របខណ្ឌការងារមុខងារសាធារណៈក្នុងបរិបទអាស៊ាន និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន វិធានការគន្លឹះទី១៖ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ វិធានការគន្លឹះទី២៖ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព និងវិធានការគន្លឹះទី៣៖ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

លោកជំទាវប្រធានគណៈប្រតិភូឡាវ បានសម្ដែងការចាប់អារម្មណ៍ វាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យច្បាស់លាស់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន មានី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ដឹកនាំវិស័យមុខងារសាធារណៈ ឈានសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកោតសរសើរ និងជាគំរូសម្រាប់គណៈប្រតិភូឡាវ សិក្សាស្វែងយល់ជាបទពិសោធផងដែរ។ លោកជំទាវនិងគណៈប្រតិភូឡាវមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់កម្ពុជា និងបានស្នើភាគីកម្ពុជាចែករំលែកបទពិសោធនេះយ៉ាងលម្អិតផងដែរ។

គណៈប្រតិភូនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ បានប្ដេជ្ញារួមគ្នាក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការ ជំរុញការអនុវត្តកម្មវិធីផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកលើវិស័យមុខងារសាធារណៈ ឱ្យកាន់តែមានភាពសកម្ម និងស្អិតរមួត ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អនឹងគ្នា ជាពិសេសជំរុញការចុះអនុស្សារណៈនៃការយោគយល់គ្នាលើវិស័យមុខងារសាធារណៈនៃប្រទេសទាំង២ ឱ្យបានកាន់តែឆាប់ក្នុងឆ្នាំ២០២៥ ខាងមុខ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១