“ក្នុងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ រួមទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ មានតួនាទីសហការ និងគាំទ្រ លើការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួង ស្ថាប័ន ដើម្បីឱ្យកាន់តែមានភាពច្បាស់លាស់ ហើយធានាដល់ប្រសិទ្ធភាពការងារកាន់តែប្រសើរជូនរាជរដ្ឋាភិបាល”
នេះជាស្មារតីមួយនៃកិច្ចប្រជុំនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំស្ថិតដំណាក់កាលមួយទៀតនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន។ ការងារដែលបានពិភាក្សានាព្រឹកនេះ គឺជាការរៀបចំតាក់តែងខ្លឹមសារលិខិតបទដ្ឋានគតិយុត្តិដើម្បីកំណត់ និងការអនុវត្តមុខងារ នៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ កិច្ចប្រជុំថ្នាក់ដឹកនាំបច្ចេកទេស បានបន្តពិភាក្សាលម្អិតលើសេចក្តីព្រាងសារាចរមួយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់មុខងារស្នូល មុខងាររង មុខងារគាំទ្រ រួមទាំងមុខងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ តាមបណ្តាក្រសួង ស្ថាប័ន។ សារាចរនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ប្រើប្រាស់ ឆ្ពោះទៅកាន់ ការរៀបចំតាក់តែងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តិទៅ ឬការរៀបចំរចនាសម្ព័ន្ធតាមបណ្តាក្រសួង ស្ថាប័ននានា។ ទន្ទឹមនេះ សមិទ្ធកម្មនៃការងារនេះគឺជាការគាំទ្រដល់ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ពោលគឺជាការបន្តអនុវត្តវិធានការគន្លឹះទី២ នោះគឺ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕