អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកំណែទម្រង់នៃក្រសួង ស្ថាប័នចំនួន៥ ប្រជុំពិនិត្យពិភាក្សាលើ «យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.)»


ក្នុងនាមជាប្រធានប្តូរវេន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ (អ.គ.ក.ស.) បានរៀបចំកិច្ចប្រជុំស្តីពី «យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.)» ។ កិច្ចប្រជុំនាព្រឹកនេះ ដឹកនាំដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃ អ.គ.ក.ស. នៅសាលប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី​តំណាងអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​កំណែទម្រង់​ ជាតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ(គ.ជ.អ.ប.) ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃ អ.គ.ក.ស. ជាច្រើនរូប។

អង្គប្រជុំបានពិនិត្យពិភាក្សាទៅលើរបៀបវារៈចំនួន៣ រួមមាន៖ (១)លទ្ធផលនិងវឌ្ឍនភាពនៃការអនុវត្តផែនការសុខដុមនីយកម្មកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល របស់អង្គភាពទទួលបន្ទុកតាមបណ្តាក្រសួង ស្ថាប័ននីមួយៗ (២)ឯកសារទស្សនទានស្តីពីទស្សនកិច្ចសិក្សាអំពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង (៣)ការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាល​កិច្ចរវាង​អគ្គលេខាធិការដ្ឋាន​កែទម្រង់​ទាំង៥ ដែលនឹងពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក។

សូមជម្រាបថាយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.) នេះត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២១៣ អនក្រ.បក ចុះថ្ងៃទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីធានាសុខដុមនីយកម្មរវាង​កម្មវិធីជាតិសម្រាប់​ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ច្បាប់ ប្រកបដោយ​សង្គតិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ទន្ទឹមនេះ យ.ស.ក. មានតួនាទីជាយន្តការដឹកនាំនិងសម្របសម្រួលផ្លាស់វេនប្រចាំត្រីមាស រវាងលេខាធិការដ្ឋាន​នៃគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១