បេក្ខជនដែលបានដាក់ពាក្យស្នើសុំពិនិត្យសន្លឹកកិច្ចការ អរគុណ និងពេញចិត្តទទួលយកលទ្ធផលក្រោយពីបានពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន
សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមតេ្តយ្យសិក្សា មានបេក្ខជនសរុបចំនួន ១៤រូបបានដាក់ពាក្យស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន ដោយការស្នើសុំនេះស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល។ តបតាមការស្នើសុំនេះ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងដោះស្រាយលើសំណើសុំពិនិត្យសន្លឹកកិច្ចការឡើងវិញរបស់បេក្ខជនលើលទ្ធផលប្រឡង នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពជំនាញពាក់ព័ន្ធ និងបេក្ខជនប្រឡង មានចំនួនសរុប ១៥នាក់។
អង្គប្រជុំនេះបានផ្តល់អាទិភាពដល់បេក្ខជនចំនួន ១៤រូប (អវត្តមាន១១រូប) ចូលជួបពិនិត្យមើលលើកំណែសន្លឹកកិច្ចការរបស់ខ្លួន ដែលក្នុងចំណោមបេក្ខជនទាំងអស់នោះ បានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមតេ្តយ្យសិក្សា ទាំងវិញ្ញាសាសរសេរលើកទី១ និងលើកទី២។
បន្ទាប់ពីបានពិនិត្យទៅលើកំណែសន្លឹកកិច្ចការរបស់ខ្លួនដោយល្អិតល្អន់រួចមក បេក្ខជននីមួយៗ បានទទួលស្គាល់ថានេះពិតជាសន្លឹកកិច្ចរបស់ខ្លួនពិតប្រាកដមែន និងបានឯកភាពទទួលយកលទ្ធផល និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលបានផ្ដល់ឱកាសឱ្យពួកគាត់បានពិនិត្យលើឯកសារសន្លឹកកិច្ចការរបស់ខ្លួនសាជាថ្មី។
សូមជម្រាបផងដែលថាយោងនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលបេក្ខជនដែលមិនបានទទួលជោគជ័យក្នុងការប្រឡងប្រជែងមានសិទ្ធិស្នើសុំឱ្យមានការពិនិត្យលើសំណៅសន្លឹកកិច្ចការរបស់ខ្លួន ក្នុងរយៈពេលយ៉ាងយូរ ១ (មួយ) សប្តាហ៍ក្រោយការប្រកាសលទ្ធផល៕