មន្ត្រីរាជការត្រូវយល់ដឹងអំពី គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ


ក្នុងវគ្គបណ្តុះបណ្តាល តម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ​បានអញ្ជើញជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនផ្សេងៗទៀត។​ ឯកឧត្តម រដ្ឋលេខាធិការបានលើកយកបទបង្ហាញក្រោមប្រធានបទ គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ។

មានប្រសាសន៍ក្នុងបទបង្ហាញ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការ បានលើកឡើងពីគុណសម្បត្តិ នៃឥរិយាបថរបស់មន្ត្រីរាជការ ចំនួន៤ ចំណុចសំខាន់ៗដែលមន្ត្រីរាជការត្រូវមាននោះគឺ៖ ១)ឆន្ទះម្ចាស់ការ ២)ភក្តីភាព ៣)មនសិការវិជ្ជាជីវៈ និង ៤)វប្បធម៌សេវាសាធារណៈ។ ឯកឧត្តមក៏បានរំលេចថា មន្ត្រីរាជការ ត្រូវមានចិត្តជ្រះថ្លាក្នុងឧត្តមគតិ មនសិការ វិជ្ជាជីវៈ ពោលគឺធ្វើយ៉ាងណាបំពេញការងារកាតព្វកិច្ច ក្នុងស្មារតីជាក្រុម ជៀសវាងអាកប្បកិរិយាក្អេងក្អាង ច្រងេងច្រង៉ាង ហើយត្រូវមានឥរិយាបថរមទម្យ ស្លូតបូត ទោះបីជាស្ថិតក្នុងតួនាទី ឬឋានានុក្រមណាក៏ដោយ។​ មន្ត្រីរដ្ឋ ត្រូវតែទទួលខុសត្រូវលើការប្រតិបត្តិរបស់ខ្លួន និងចំពោះភារកិច្ចដែលត្រូវបានប្រគល់ឱ្យ។ ជាការតម្រង់ទិសជូនដល់មន្ត្រី ជាពិសេសមន្ត្រីដែលទើបចាប់ផ្តើមអាជីពការងារក្នុងវិស័យរដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីជីវិតនៃភាពជាមន្ត្រីរាជការ នោះគឺត្រូវចេះ ឬមានជំនាញ​ «កិច្ចការងាររដ្ឋបាល» ជាពិសេស កិច្ចការចំនួន ៧ចំណុចរួមមាន៖ ១)ប្រភេទនិងការតាក់តែងលិខិតរដ្ឋបាល ២)ប្រភេទនិងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ៣)ការងាររៀប ៤)ការគ្រប់គ្រងកន្លែងធ្វើការ ៥)ការងារបុគ្គលិក (ធនធានមនុស្ស និងការចូលបម្រើការងាររហូតចូលរនិវត្តន៍) ៦)ការគ្រប់គ្រងឯកសារ និង ៧)ការគ្រប់គ្រងកិច្ចប្រជុំ។

បន្ថែមលើនេះ​ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា មន្ត្រីរាជការត្រូវគិតគូរ ថែរក្សាសុខភាព ដើម្បីអនុវត្តការងារលើសពីចំណេះជំនាញ ដែលមន្ត្រីរាជការត្រូវតែមាន។ ជារួម មន្ត្រីរាជការ ត្រូវមានសុខភាពល្អផង មានសមត្ថភាពផង មានក្រមសីលធម៌ក្នុងការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃផង។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១