សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍ និងចំណេះដឹង
សាលាភូមិន្ទរដ្ឋបាល៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បាននឹងកំពុងរៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍និងចំណេះដឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ។ សិក្ខាសាលានេះចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដែលមានសមាសភាពចូលរួមពីប្រធានការិយាល័យនៃក្រសួងមុខងារសាធារណៈចំនួន៥០រូប។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីការចែករំលែកនូវទស្សនាទានថ្មីៗ បទពិសោធន៍ល្អៗ និងការអនុវត្តល្អៗដែលវាគ្មិននៃសិក្ខាសាលានេះបានសិក្សាស្វែងយល់ពីវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលានានានៅបរទេស។ កម្មវិធីចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះគឺជាវប្បធម៌មួយដ៏ល្អដែលជំរុញឱ្យសិក្ខាកាមដែលទទួលការបណ្តុះបណ្តាលពីប្រទេសក្រៅយកចិត្តទុកដាក់ខ្លាំងក្នុងការសិក្សានិងត្រៀមខ្លួនសម្រាប់ធ្វើការចែករំលែកអ្វីដែលខ្លួនបានសិក្សាដល់មន្រ្តីរាជការផ្ទៃក្នុងរបស់ក្រសួង និងជាឱកាសដ៏ល្អផងដែរសម្រាប់មន្រ្តីទាំងនេះដែលត្រូវទទួលបានចំណេះដឹងបន្តពីវាគ្មិនទាំងនេះ។