ក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ មានសេចក្តីរន្ធត់ក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អនុប្រធានកាកបាទក្រហមកម្ពុជា និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សែនវិយោជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយលោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមក្រួសារ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គឺជាការបាត់បង់នូវឧត្តមស្វាមីប្រកបដោយភក្ដីភាពបំផុតចំពោះភរិយា និងជាការបាត់បង់នូវឪពុក ជីតា និងជីតាទួតប្រកបដោយគុណធម៌ និង ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានគ្រប់បែបយ៉ាងដល់កូនចៅ និងក្រុមគ្រួសារប្រកបដោយគន្លងធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលបាន ពលិកម្មសព្វគ្រប់បែបយ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណស្ទើរពេញមួយជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសដង្ហែតាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខដោយសេចក្តីសោកសង្រេងជាមួយ លោកជំទាវឧកញ៉ា និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវឧកញ៉ា និងក្រុមគ្រួសារ ទទួលការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ៕