បេក្ខជន ១០,៥១១នាក់ ត្រូវប្រឡងប្រជែងលើប្រធានវិញ្ញាសាចំនួន ១០០សំណួរ ដែលជ្រើសសម្រាំងចេញពី ១៥០សំណួរ


រាល់ការប្រឡងប្រជែងទាំងអស់ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ តែងតែគោរព និងអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលវិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅនៅរសៀលក្នុងថ្ងៃតែមួយ។ រាល់ការប្រឡងនីមួយៗ ជម្រើសវិញ្ញាសា ត្រូវបានតាក់តែងលើសពីចំនួនដែលនឹងត្រូវជ្រើសរើស។

ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សានៅថ្ងៃនេះ វិញ្ញាសាវប្បធម៌ទូទៅ ត្រូវបានតាក់តែងយ៉ាងតិចចំនួន ៥០សំណួរ និងផ្នែកវិញ្ញាសាគណិតវិទ្យា តាក់តែងយ៉ាងតិចចំនួន ១០០សំណួរ សម្រាប់វេននីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង ធ្វើការជ្រើសរើសប្រធានវិញ្ញាសា ក្នុងចំណោមជម្រើសទាំងអស់នេះ រួមមាន៖ សំណួរវប្បធម៌ទូទៅ ចំនួន ៣០សំណួរ និងគណិតវិទ្យា ចំនួន ៧០សំណួរ។ ប្រធានវិញ្ញាសាទាំង ១០០សំណួរ ត្រូវបានអនុគណៈកម្មការកណ្តាល បន្តនីតិវិធីនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា វេនទី១ និងវេនទី២ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាសៀលថ្ងៃនេះ។

សូមបញ្ជាក់បន្ថែមថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដានដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដោយស្ម័គ្រចិត្ត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១