ការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិសម្រេចបានប្រមាណ ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រេចបានជិត ១០០%
រយៈពេល ១៤សប្តាហ៍ កន្លងមកនេះ ការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ សម្រេចបាន ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំសម្រេចបាន ៩៩% និងវិស័យសុខាភិបាលសម្រេចបាន ៨៧.៣៥%។
ទិន្នន័យដែលបានរៀបរាប់ខាងលើ ជារបាយការណ៍ដែលបានរៀបរាប់នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ។ តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះបានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារទាំងពីរក្រុម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងការចូលរួមគាំទ្រនិងសម្របសម្រួលដោយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ទូទាំងប្រទេស។
កិច្ចប្រជុំនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ទទួលបានអនុសាសន៍ណែនាំតម្រង់ទិសពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ជូនទៅដល់ក្រុមការងារក្នុងការអនុវត្តការងារបន្ត ដែលជាផ្នែកមួយឆ្ពោះទៅកាន់ការសម្រេចឱ្យបាន និងឆាប់រហ័ស នូវការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល៕