ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ និងព្រឹត្តិការណ៍អម (The 3rd ASEAN Women Leaders’ Summit: Strengthening Care Economy and Resilience Towards ASEAN Community Post-2025 and Its Side-Events)
ក្នុងនាមកម្ពុជាជាប្រធាន ACCSM លើកទី២៣ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៤ កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូមុខងារសាធារណៈកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ និងព្រឹត្តិការណ៍អម (The 3rd ASEAN Women Leaders’ Summit: Strengthening Care Economy and Resilience Towards ASEAN Community Post-2025 and Its Side-Events) រៀបចំដោយប្រទេសឡាវ។
កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន ត្រូវបានរៀបចំឡើងចំនួន ០២លើក ដោយលើកទី ១ ត្រូវបានរៀបចំដោយប្រទេសវៀតណាម នៅឆ្នាំ២០២០ និងលើកទី ២ ត្រូវបានរៀបចំដោយក្រសួងកិច្ចការនារីរបស់ប្រទេសកម្ពុជា នៅឆ្នាំ២០២២ ដែលក្នុងនោះ ក៏បានអនុម័តផងដែរ លើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី”ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ”៖ បំផុសសហគ្រិនភាពរបស់ស្រ្តីនៅក្នុងអាស៊ាន។
ដោយឡែក កិច្ចប្រជុំកំពូលស្រ្តីអាស៊ានលើកទី៣ នេះ ធ្វើឡើងក្នុងគោលបំណង៖ (១) ទទួលស្គាល់តួនាទីដ៏សំខាន់ សក្ដានុពល និងភាពខ្លាំងរបស់មេដឹកនាំស្ត្រី និងស្ត្រីទាំងអស់ក្នុងអាស៊ាន ក្នុងការបង្កើតគន្លងនៃការងើបឡើងវិញ និងក្នុងការបង្កើតតំបន់អាស៊ានក្នុងពិភពលោកក្រោយការរាតត្បាត (២) ការគាំទ្រស្ត្រី និងកុមារីក្នុងការអនុវត្តសេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាពដែលមានប្រាក់ឈ្នួល និងមិនទាន់ទទួលបានប្រាក់ឈ្នួល (៣) ទទួលស្គាល់បញ្ហាប្រឈម និងឱកាសជាក់លាក់ ដើម្បីគាំទ្រស្ត្រី និងកុមារីក្នុងបរិបទនៃការកសាងភាពធន់ (៤) គាំទ្រសេចក្តីប្រកាសចុងក្រោយដែលកំណត់តាមការណែនាំជាក់លាក់ សម្រាប់ការដោះស្រាយបញ្ហាប្រឈមដែលស្ត្រី និងកុមារីប្រឈមមុខក្នុងបរិបទនៃការអនុវត្តសេដ្ឋកិច្ច ដែលគិតគូរពីសុខុមាលភាពដែលមានប្រាក់ឈ្នួល និងមិនទាន់ទទួលបានប្រាក់ឈ្នួល និងការកសាងភាពធន់៕