ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈ មានមោទនភាពនិងត្រៀមខ្លួនចូលរួមរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ សម្រាប់ឆ្នាំ២០២៥-២០២៦
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤ ដើម្បីរាយការណ៍ពីភាពធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ សម្រាប់ឆ្នាំ២០២៥-២០២៦ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃ អ.គ.ក.ស. បានរៀបរាប់អំពីវឌ្ឍនភាពនៃទិដ្ឋភាពរួមនៃការចូលរួមកិច្ចប្រជុំ ACCSM លើកទី២២ និង ACCSM+3 លើកទី៧ នៅប្រទេសប្រ៊ុយណេ និងទិសដៅបន្តនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ សម្រាប់ឆ្នាំ២០២៥-២០២៦។
ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកបញ្ជាក់ផងដែរថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជាគឺចាប់ផ្តើមពីពេលនេះតទៅរហូតដល់ចុងឆ្នាំ២០២៦ ហើយកម្ពុជានឹងរៀបចំកិច្ចប្រជុំធំៗចំនួនពីរ នៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ បន្ថែមលើកិច្ចប្រជុំធំៗទាំងពីរនេះ កម្ពុជានឹងមានរៀបចំនូវសកម្មភាពផ្សេងៗ ក៏ដូចជាវេទិកានានា រួមទាំងគម្រោងមួយចំនួនដើម្បីអមលើកិច្ចប្រជុំធំ និងក្នុងនាមជាប្រធាន ACCSM និង ACCSM+3 ផងដែរ។ សូមជម្រាបជូនថា កិច្ចប្រជុំ ACCSM នេះ មិនមែនជាលើកទី១ ទេ ពោលគឺកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកាលពី ២០ឆ្នាំមុន ខណៈដែលក្រសួងមុខងារសាធារណៈ នៅមានឈ្មោះជា លេខាធិការដ្ឋានមុខងារសាធារណៈ នៅឡើយ៕