នាយក នាយិកា សាលាបឋមសិក្សាទូទាំងប្រទេស បានមកជួបជុំគ្នានៅខេត្តស្វាយរៀង ដើម្បីចែករំលែកបទពិសោធ និងព័ត៌មាននានា អំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ


ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នាយក នាយិកាសាលា ដែលអញ្ជើញមកពីសាលាបឋមសិក្សាទូទាំងប្រទេស បានមកជួបជុំគ្នានៅខេត្តស្វាយរៀង ដើម្បីចូលរួមក្នុងសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ។ សិក្ខាសាលានេះ មានគោលបំណងនាំយកបទពិសោធ ចែករំលែកគ្នាទៅវិញទៅមកដើម្បីធ្វើជាមូលដ្ឋានក្នុងការពង្រឹងការគ្រប់គ្រង និងកែលម្អគុណភាពក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល និងការចង់បានរបស់ប្រជាជនយើង រួមទាំងបានផ្តល់ទស្សនទានថ្មីៗ ការផ្តល់ចំណេះដឹង ការបង្កើតទំនាក់ទំនង និងបទពិសោធល្អៗស្របជាមួយបរិបទ និងស្ថានភាពជាក់ស្តែងថែមទៀតផង។

សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមបើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ដោយមានការអញ្ជើញចូលរួមពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. តំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធាន សមាជិក សមាជិកានៃគណៈកម្មការវាយតម្លៃថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាយក និងនាយិកានៃសាលាបឋមសិក្សា ព្រមទាំងប្រធានមន្ទីរពេទ្យអប់រំ យុវជន និងកីឡា ទូទាំងរាជធានី-ខេត្ត ព្រមទាំងនាយក នាយិកាសាលាបឋមសិក្សាជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីវាយតម្លៃ និងទទួលស្គាល់ការផ្តល់សេវាសាធារណៈគំរូនេះ ជាឱកាសមួយសម្រាប់ជួបជុំគ្នា ពិគ្រោះយោបល់គ្នា ត្រង់ទៅត្រង់មក ក៏ដូចជាការរៀនសូត្របទពិសោធន៍ពីអង្គភាពជោគជ័យក្នុងការផ្តល់សេវា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា “នេះជាឱកាសសម្រាប់ការចែករំលែកបទពិសោធន៍ ទាំងថា្នក់ជាតិ និងថ្នាក់កម្រិតខេត្ត ក្រុង ស្រុក ជាមួយនឹងប្រតិបត្តិករនៅមូលដ្ឋាន ជួយគ្នា សហការគ្នា បង្កើនសមត្ថភាព និងលទ្ធភាពក្នុងការផ្តល់សេវា ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទទួលយកនូវសេវាមានការសប្បាយរីករាយ និងទទួលស្គាល់។”

នៅក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ២.ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា និង ៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាម ពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

គួររំលឹកដែរថា សាលាបឋមសិក្សាស្វាយជ្រំ ដែលស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ស្ទួន ឆ្នាំ២០២៣ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នេះ សិក្ខាកាមទាំងអស់នឹងត្រូវបានអញ្ជើញធ្វើទស្សនកិច្ចដោយផ្ទាល់នៅសាលាបឋមសិក្សាស្វាយជ្រំ ដើម្បីទទួលបាននូវបទពិសោធ ក៏ដូចជាមេរៀនល្អៗ សម្រាប់យកទៅអនុវត្តនិងអភិវឌ្ឍអង្គភាពរបស់ខ្លួនរៀងៗខ្លួន ហើយត្រៀមខ្លួនដើម្បីរៀបចំអង្គភាពរបស់ខ្លួនចូលរួមប្រកួតប្រជែងនាឆ្នាំក្រោយៗទៀត ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១