ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមវិស័យនៃសហគមន៍សង្គម- វប្បធម៌អាស៊ាន “ASCC Council High-Level Interface with Ministers of ASCC Sectoral Bodies for the Development of the ASCC Post-2025 Strategic Plan” នៅទីក្រុងរៀងចន្ទន៍ ប្រទេសឡាវ


នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ូល ពីឌូ រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូនៃក្រសួងមុខងារសាធារណៈ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន ACCSM លើកទី២៣ សម្រាប់ឆ្នាំ២០២៤-២០២៦ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមវិស័យនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន “ASCC Council High-Level Interface with Ministers of ASCC Sectoral Bodies for the Development of the ASCC Post-2025 Strategic Plan” នៅទីក្រុងរៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍នៃប្រទេសឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធាន និងតំណាងអង្គភាពតាមវិស័យទាំង១៥ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៉ូល ពីឌូ បានថ្លែងបទអន្តរាគមន៍អំពីទស្សនវិស័យរបស់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេននៃកិច្ចសហប្រតិបត្តិការវិស័យមុខងារសាធារណៈអាស៊ាន (ACCSM Chairmanship 2024-2026) សម្រាប់ផ្តល់ជាធាតុចូលបន្ថែមក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥ (ASCC Strategic Plan Post-2025)។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺផ្ដល់នូវវេទិកាមួយ សម្រាប់ក្រុមប្រឹក្សា ASCC ធ្វើការផ្លាស់ប្ដូរទស្សនៈថ្នាក់រដ្ឋមន្រ្តីជាមួយប្រធានអង្គភាពតាមវិស័យ ASCC ស្ដីពីការរៀបចំរបៀបវារៈ ASCC ក្រោយឆ្នាំ២០២៥ ជាពិសេសការអភីវឌ្ឍផែនការយុទ្ធសាស្រ្ត ASCC ក្រោយឆ្នាំ២០២៥។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១