កិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ


នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ នៅសាលប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជការ និងតំណាងនាយកដ្ឋានបុគ្គលិកគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។

អង្គប្រជុំបានពិភាក្សាលើការងាររួមមាន៖ ១)ការជ្រើសរើសមន្រ្តី និងការពង្រាយមន្រ្តី ២)ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការដែលមានស្រាប់ ៣)ការជំរុញការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់សក្តានុពល ៤)ការគ្រប់គ្រងមន្ត្រីដែលមានស្រាប់ឱ្យបានច្បាស់លាស់ និង ៥)ផ្សេងៗ។

ជាលទ្ធផលនៃកិច្ចពិភាក្សាបានសម្រេច៖ ១)គ្រប់ក្រសួង ស្ថាប័នត្រូវផ្តល់ជារបាយការណ៍ប្រចាំខែជូនមកក្រសួងមុខងារសាធារណៈ ២)ស្នើសុំឱ្យមានការប្រជុំប្រចាំខែ រវាងអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ និងនាយកដ្ឋានធនធានមនុស្សគ្រប់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពនៃការងារ ៣)ស្នើសុំឱ្យអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈរៀបចំជាគំរូមួយសម្រាប់ក្រសួង ស្ថាប័នស្នើសុំបំពាក់ប្រព័ន្ធគ្រប់គ្រងមន្រ្តីដល់ក្រសួង ស្ថាប័ន ៤)ក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រុមការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះសិក្សាវាយតម្លៃផ្ទាល់ពីស្ថានភាពជាក់ស្តែងដែលក្រសួង ស្ថាប័នមានតម្រូវការប្រព័ន្ធគ្រប់គ្រងវត្តមានមន្រ្តី ៥)ស្រង់ព័ត៌មាន និងប្រមូលព័ត៌មានរួចក្រុមការងារលើកជាយោបល់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យនិងតម្រង់ទិស៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១