ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមអបអរសាទរ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង«ព្រែកជីកហ្វូណនតេជោ» ឱ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ ជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែល មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក និងបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិរួមមាន៖ ១).ពង្រឹងនយោបាយ និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងគោលជំហររក្សានូវឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យនាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស ២).ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា អត្រាខ្ពស់នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីការវិនិយោគ ប្រមាណពី ២០ភាគរយ ទៅ ៣១ភាគរយ ៣).កាត់បន្ថយការចំណាយពេលវេលា និងរបាំងពន្ធគយ ៤).ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍលើវិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ៥).ការជំរុញ អភិវឌ្ឍន៍ពហុវិស័យរួមមាន កសិកម្ម ជលផល ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនីយកម្មទីក្រុងជាដើម ៦).ការបង្កើតមុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់ រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថាន ដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជាអវិជ្ជមាន លើរបបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀត ៧).ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្មជាតិ សម្រាប់ជីវចម្រុះ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១