ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង» និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា លើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម លាំង ជិនយីង (Leung Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីអបអរសាទរការបញ្ចប់ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង» និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងមូលនិធិ GX និងក្រសួងសុខាភិបាលកម្ពុជា លើ«គម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ»។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីគ្រូពេទ្យស្ម័គ្រចិត្តចិន និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ អ្នកជំងឺភ្នែកឡើងបាយដែលបានជាសះស្បើយ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ថ្លែងក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការយកចិត្តទុកដាក់ខ្ពស់របស់ស្ថាប័នទាំងពីរ លើការថែទាំ ពិនិត្យ ផ្តល់សេវាសុខភាពភ្នែក ការព្យាបាល និងការវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង តាមរយៈការអនុវត្តគម្រោងចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX និងក្រុមគ្រូពេទ្យភ្នែកចិន ដែលបានចូលរួមយ៉ាងសកម្ម និងផ្តល់ការគាំទ្រ ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមលើចំណុចនេះថា “គម្រោងទាំងអស់នេះ គឺជាសក្ខីភាពបង្ហាញពីមិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងយូរអង្វែងរវាងកម្ពុជា និងចិន ដែលវិវត្តពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងត្រូវបានប្រសិទ្ធិនាមថា «មិត្តភាពដែកថែប» ព្រមទាំងការដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីកសាងសហគមន៍ ជោគវាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។” “ទំនាក់ទំនង និងកិច្ចសហប្រត្តិការទ្វេភាគីដ៏រឹងមាំនេះ ប្រាកដណាស់ កើតចេញពីទំនាក់ទំនងពោរពេញដោយទំនុកចិត្ត ការគោរពឱ្យតម្លៃ និងការបន្តគាំទ្រគ្នាទៅវិញទៅមក។” ឯកឧត្តម បានបន្ថែម។
រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី៣ នៃបញ្ចកោណទី១ “ការអភិវឌ្ឍមូល ធនមនុស្ស” ផ្តោតលើ “ការលើកកម្ពស់សុខភាព និងសុខុមាលភាព” និងបានសង្កត់ធ្ងន់លើការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្នុងអាទិភាពទី១ នៃកម្មវិធីគោលនយោបាយ។ ការដាក់ចេញនូវគោលនយោបាយជា យុទ្ធសាស្ត្រទាំងអស់នេះ បានឆ្លុះបញ្ចាំងពីអាទិភាព និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងការសម្រេចបានសមិទ្ធផលនៅខេត្តកំពង់ចាម និងខេត្តព្រៃវែង ឯកឧត្តម បានគូសបញ្ជាក់ថា “យើងបានត្រៀមខ្លួនយ៉ាងហ្មត់ចត់ សម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការថ្មី រវាងក្រសួងសុខាភិបាល និងមូលនិធិ GX លើការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងត្រូវចុះហត្ថលេខា នាពេលបន្តិចទៀត។” លើសពីនេះក្នុងនាមឯកឧត្តម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មី លើការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងជួយដល់ជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់យ៉ាងមុតមាំថា គម្រោងកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈ ក្នុងខេត្តកំពង់ស្ពឺ ទាំងមូល ដែលនឹងជួយឱ្យប្រជាពលរដ្ឋកំពង់ស្ពឺ មានសុខភាពកាន់តែល្អប្រសើរ។
សូមជម្រាបថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង លោកស្រីសាស្ត្រាចារ្យ Emily Chan Ying Yang នាយិកាប្រតិបត្តិនៃមូលនិធិ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល ក្រោមសក្ខីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឯកឧត្តមប្រធានមូលនិធិ GX ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។