ការជ្រើសរើសមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ស្ថិតក្នុងដំណាក់កាលពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួម


ក្រុមការងារកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញអំពីសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជូនថ្នាក់ដឹកនាំ និងក្រុមការងារក្នុងកិច្ចប្រជុំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលដឹកនាំដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា។

បន្ទាប់ពីបានពិនិត្យលើចំណុចមួយចំនួន ព្រមទាំងមានការចូលរួមផុសផុលពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសតាក់តែងការរៀបចំសេចក្តីព្រាងរួចមក អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់ ជាធាតុចូលជាច្រើន ក្នុងការកែសម្រួលទៅលើចំណុចសំខាន់ៗរួមមាន៖ ១)ទម្រង់ព្រះរាជក្រឹត្យ ២)កែសម្រួលខ្លឹមសារចំណងជើងនៃព្រះរាជក្រឹត្យ ៣)កែសម្រួលមូលបទមួយចំនួន ៤)កែសម្រួលខ្លឹមសារតាមមាត្រានីមួយៗ ដែលមាននៅក្នុងបទបញ្ញត្តិទូទៅ និងតាមជំពូកនានា និង ៥)ផ្សេងៗ។

គួរជម្រាបថា ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១