ក្រសួងមុខងារសាធារណៈ អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូល «តំបន់អតីតរាជធានីឥសានបុរៈប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)

«ប្រាសាទសំបូរព្រៃគុក» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។
ការដាក់បញ្ចូលប្រាសាទដ៏ចំណាស់របស់កម្ពុជាមួយនេះ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានសម្រេច មិនមែនជារឿងសាមញ្ញ និងងាយស្រួលនោះឡើយ។ ក្រោមការសម្រេច និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ផ្តើមរៀបចំឯកសារ ដើម្បីស្នើសុំដាក់តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២។ ឯកសារស្នើសុំនោះ បានផ្ញើជូនទៅអង្គការយូណេស្កូ ដែលមានស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង នាដើមឆ្នាំ២០១៦។ រយៈពេល៩ខែ បន្ទាប់ពីបញ្ជូនឯកសាររួច អ្នកឯកទេសរបស់អង្គការ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃពីស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យឯកសារស្នើមានទិន្នន័យគ្រប់គ្រាន់ ស្របតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការយូណេស្កូ និងគណៈកម្មការបេតិកភណ្ឌពិភពលោក។
ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេង សម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។ ក្នុងបុព្វហេតុលើកតម្កើងនូវតម្លៃមរតកវប្បធម៌ជាតិ ក៏ដូចជាការការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស ដូចសព្វថ្ងៃនេះបាន គឺយើងមិនអាចខ្វះបានឡើយនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។
សូមជនរួមជាតិទាំងអស់រួមគ្នាបន្តថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍរាល់សម្បត្តិបេតិកភណ្ឌរបស់យើង ទាំងរូបិយ និងអរូបិយឱ្យបានគង់វង្សជារៀងរហូតតទៅ៕