ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការ ជាផ្នែកមួយនៃ “រៀបចំផ្ទះឱ្យបានស្អាត​ និងមានរបៀបរៀបរយ”


ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង -ស្ថាប័ន​ ជាការងារដែលគាំទ្រដល់វិធានគន្លឹះទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ស្របពេលជាមួយគ្នានេះ​ លទ្ធផលនៃការការងារនេះ​ នឹងក្លាយជាការផ្នែកមួយនៃការសម្រេចបានចក្ខុវិស័យរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងស្មារតី “រៀបចំផ្ទះឱ្យបានស្អាត​ និងមានរបៀបរៀបរយ”។


ក្រសួងមុខងារសាធារណៈ ក្នុងនមជាសេនាធិការដើម្បីដឹកនាំអនុវត្តការងារនេះ បានរៀបចំក្រុមការងារជំនាញចំនួន ៤ក្រុម។​ ក្រុមការងារងារទាំង៤​បានចុះជួបផ្ទាល់ជាមួយ​ក្រុមការងារជំនាញ​ទទួលបន្ទុក​តាមបណ្តាក្រសួង-ស្ថាប័ន ក្នុងគោលបំណងជំរុញ គាំទ្រ និងសម្របសម្រួលការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័ន។​ ក្រុមទាំង៤ រួមមាន៖ (១).​ក្រុមការងារបច្ចេកទេសគាំទ្រវិស័យសេដ្ឋកិច្ច (២). ក្រុមការងារបច្ចេកទេសគាំទ្រវិស័យសង្គមកិច្ច (៣). ក្រុមការងារបច្ចេកទេសគាំទ្រវិស័យរដ្ឋបាលទូទៅ និង(៤). ក្រុមការងារបច្ចេកទេសវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។


ហើយជាបន្តបន្ទាប់ថ្នាក់ដឹកនាំទទួលបន្ទុកលើការងារវិភាគមុខងារ តែងតែបន្តតានដាននូវវឌ្ឍនភាពយ៉ាងយកចិត្តទុកដាក់ពិនិត្យលើវឌ្ឍនភាពការងារជាបន្តបន្ទាប់ជាមួយក្រុមការងារ តាមផ្នែក តាមវិស័យនីមួយៗ ម្តងមួយៗ ដើម្បីធានាបាននូវរបាយការណ៍នៃការវិភាគមុខងារក្រសួង-ស្ថាប័ន បានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។


សូមបញ្ជាក់ថា សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដែលបានកំណត់ឱ្យគ្រប់ក្រសួង-ស្ថាប័ន ត្រូវធ្វើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឱ្យបានចប់សព្វគ្រប់ ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៤ ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង-ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់។​ ក្នុងករណីដែលក្រសួង-ស្ថាប័ន មិនបានអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័នទេ ក្រសួង-ស្ថាប័ននោះមិនត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការបន្ថែមឡើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១