នៅក្នុងដំណើរបេសកកម្មចូលរួមនៅក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនមួយរូប ក្នុងចំណោមរដ្ឋមន្រ្តី ចំនួន១០រូប ដែលមកពីបណ្តាប្រទេសផ្សេងទៀត ក្នុងកម្មវិធីវេទិកាពិភាក្សាកម្រិតរដ្ឋមន្ត្រី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ចែករំលែកកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការដាក់អនុវត្តវិធានការគន្លឹះចំនួនបី គឺ៖ ១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ២)ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ និង ៣)ការរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវភាពលេចធ្លោ និងចែករំលែកបទពិសោធក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងដឹកនាំរៀបចំ។
សូមអញ្ចើញទស្សនាវីដេអូ ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងកិច្ចពិភាក្សាក្នុងវេទិកាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable) នៃ វេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋកូរ៉េ។