ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រីរាជការស៊ីវិលកម្ពុជា នៅទីក្រុងសៀងហៃ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ចំនួន១៥រូប ដែលដឹកនាំដោយ ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានចូលរួមសិក្ខាសាលា ស្តីពី”ការពង្រឹងសមត្ថភាពវិជ្ជាជីវៈសម្រាប់មន្ត្រីរាជការស៊ីវិលកម្ពុជា” នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។
សិក្ខាសាលារៀបចំឡើងគោលបំណង អភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាពមន្ត្រីរាជការស៊ីវិលកម្ពុជា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងសាធារណៈរដ្ឋប្រជាមានិតចិន និងប្រទេសកំពុងអភិវឌ្ឍន៍។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមនៅក្នុងពិធីបើកដោយលោកស្រី Song Jin សមាជិកក្រុមប្រឹក្សានៃបណ្ឌិតសភាភាពជាអ្នកដឹកនាំចិន ភូតុង (China Executive Leadership Academy Putong – CELAP) កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
នៅក្នុងពិធីនេះ ឯកឧត្តម ស៊ុង វិនទិ បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកម្ពុជា គឺជាមិត្តភាពដែកថែបដែលពុំអាចបំបែកបាន ហើយកម្ពុជា និងចិន បានសម្រេចឈានដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាកិច្ចកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ ដែលស្តែងឡើងតាមរយៈកិច្ចសហប្រតិបត្តិការ “ច្រករបៀងមច្ឆា និងអង្គរ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើកការអភិវឌ្ឍសមត្ថភាពមន្ត្រី តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត សភាភាពជាអ្នកដឹកនាំចិន ភូតុង និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ កម្ពុជា ដែលនឹងគ្រោងធ្វើការចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ៕