ក្រសួងមុខងារសាធារណៈ បញ្ចប់ការបណ្តុះបណ្តាលលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ក្នុងវិស័យអប់រំ និងសុខាភិបាល


ដើម្បីជំរុញការកែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងរួមចំណែកក្នុងការជំរុញការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាល ដោយផ្ទាល់ និងតាមរយៈអនឡាញ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ» ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ការបណ្តុះបណ្តាលនេះ​ដឹកនាំដោយឯកឧត្តម ឡុង សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថលនៃក្រសួងមុខងារសាធារណៈ ដោយមានក្រុមការងារបច្ចេកទេសធ្វើបទបង្ហាញលម្អិតទៅលើមុខងារប្រព័ន្ធ, លំហូររបស់ប្រព័ន្ធ, ការបង្កើតគណនី CamDigiKey នៅលើកម្មវិធីទូរស័ព្ទដៃ, របៀបចូលប្រើប្រាស់ប្រព័ន្ធ, និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ វិស័យសុខាភិបាលថ្នាក់ក្រោមជាតិ។


កន្លងមក ក្រសួងមុខងារសាធារណៈ បានបញ្ចប់វគ្គបណ្តុះបណ្តាលជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ» ក្នុងវិស័យអប់រំ និងក្នុងវិស័យសុខាភិបាល។ ជាក់ស្តែង សម្រាប់វិស័យអប់រំ ប្រតិភូក្រសួងមុខងារសាធារណៈ បានធ្វើការចុះផ្ទាល់នៅតាមបណ្តារាជធានី-ខេត្ត ចំនួន៤ គឺរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ,ខេត្តកំពង់ចាម ដោយមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីខេត្តចំនួន២១​ ផ្សេងទៀត កាលពីថ្ងៃទី០៧ ដល់ទី១៣ ខែមិថុនា ឆ្នាំ២០២៤។​ វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីការិយាល័យប្រតិបត្តិក្រុង ស្រុក ខណ្ឌ និងអង្គភាពពាក់ព័ន្ធតាមប្រព័ន្ធដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត នាយក នាយករង​ សាលាបឋមសិក្សាសាធារណៈ សាលាមត្តេយ្យសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ នៃរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។


ដោយឡែកសម្រាប់វិស័យសុខាភិបាល កាលពីថ្ងៃទី១៧ ដល់ទី២១ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូក្រសួងមុខងារសាធារណៈ បានធ្វើការចុះផ្ទាល់នៅតាមបណ្តាខេត្ត ចំនួន៤ គឺខេត្តកំពង់ធំ, ខេត្តសៀមរាប, បាត់ដំបង, ខេត្តពោធិ៍សាត់ ដែលមានខេត្តចំនួន២១​ ផ្សេងទៀតចូលរួមក្នុងវគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ។ វគ្គបណ្តុះទាំងនេះ មានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១