កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ


ស្របពេលនៃការវិវឌ្ឍយ៉ាងសស្រាក់ស្រាំរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងគោលដៅដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងការវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា អាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាគោលដៅក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិទាំងអស់​ និងវិនិយោគិននានា។


ទន្ទឹមជាមួយការបង្កើតអាកាសយានដ្ឋានអន្តរជាតិទាំងពីរ ក្រសួងមុខងារសាធារណៈ ដោយមាន ឯកឧត្តម ស សាម៉ីឌី ជារដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្ម នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈ សរុបចំនួន ២៨រូប។


ក្រៅពីកិច្ចពិភាក្សាផ្សេងៗ អង្គប្រជុំបានប្រមូលនូវធាតុចូលជាច្រើន ដើម្បីកែសម្រួលទៅលើចំណុចមួយចំនួនរួមមាន៖ ១)ការកែសម្រួលមូលបទយោង និងទម្រង់គតិយុត្ត ២)ការកែសម្រួលខ្លឹមសារ និងការបំពេញបន្ថែមនៃមាត្រា ៣)មុខងារ និងធនធានមនុស្ស និង ៤)ផ្សេងៗ។


ជាចុងក្រោយ អង្គប្រជុំបានសម្រេចឯកភាពជាគោលការណ៍លើសេចក្តីព្រាងអនុក្រឹត្យទាំង២ និង ឯកឧត្តមរដ្ឋលេខាធិការ បានកំណត់ឱ្យអង្គភាពជំនាញរៀបចំលិខិតឆ្លើយតបទៅស្ថាប័នសំណើ ដើម្បីបន្តយន្តការ និងនីតិវិធីបន្ត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១