ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន


ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ កិច្ចប្រជុំនេះប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ តំណាងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមន្ត្រីជំនាញ សរុបចំនួន ២៥រូប។


ថ្លែងបើកអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍អំពីសារៈសំខាន់នៃការរៀបចំរចនាសម្ព័ន្ធក្រសួងស្ថាប័ន​ ក៏ដូចជាការងារវិភាគមុខងារ ដែលនេះការងារអាទិភាពរបស់ក្រសួងក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ក៏ដូចជាសម្រេចបានតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវសារាចរណែនាំលេខ ០៨ សរ ស្តីពី «ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន» ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ព្រមទាំងដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មានប្រសិទ្ធភាពខ្ពស់ ឈរលើអភិក្រមពង្រឹង ជាជាងពង្រីក និងការរៀបចំផ្ទះរបស់ខ្លួនឱ្យមានរបៀបរៀបរយ។


អង្គប្រជុំបានពិភាក្សាទៅលើចំណុចសំខាន់ៗ ចំនួន៤ ដែលពាក់ព័ន្ធរួមមាន៖ ១)អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន ២)ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ៣)ការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន និង ៤) ការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ។


បន្ទាប់ពីកិច្ចពិភាក្សា អង្គប្រជុំបានសម្រេចនិងឯកភាពទៅលើ៖ ១)បង្កើតក្រុមការងារដើម្បីសិក្សាស្រាវជ្រាវ និងពិនិត្យលើបញ្ហាក្របខណ្ឌគតិយុត្តបច្ចុប្បន្នដែលពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ២)គិតគូររៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង រដ្ឋលេខាធិការដ្ឋាន ក្រុមប្រឹក្សា គណៈកម្មាធិការ ឬអាជ្ញាធរផ្សេងៗ ដែលស្ថិតនៅក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ៣)ការៀបចំយន្តការការងារ បង្កើតក្រុមការងាររបស់ក្រសួង ដើម្បីរៀបចំសិក្សា និងតាក់តែងក្របខណ្ឌគតិយុត្តថ្មីពាក់ព័ន្ធការរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១