ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹក និងបន្តណែនាំដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យចូលរួមអនុវត្ត និងផ្សព្វផ្សាយកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងភាពស្អាតស្អំក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ


ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ នារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងពីសារៈសំខាន់នៃអភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ដោយបញ្ជាក់បន្ថែមទៀតថាការងារទាំងនោះ ជាការងារអាទិភាពដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ឯកឧត្តមបន្ថែមថា “ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាលសាធារណៈ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋសំដៅដល់ការ អភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវសហការ និងចូលរួមក្នុងភាពជាម្ចាស់ និងត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងសមត្ថកិច្ចរៀងៗខ្លួន។”


ផ្សារភ្ជាប់ជាមួយអភិបាលកិច្ចល្អ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមដល់អង្គពិធីដែលជាមន្ត្រីរាជការនៅមូលដ្ឋានឱ្យពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីក្នុងការផ្តល់សេវា ដោយត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការដាក់ទណ្ឌកម្មចំពោះមន្ត្រីណា ដែលប្រព្រឹត្តបំពានក្រមសីលធម៌វិជ្ជាជីវៈ និងរំលោភអំណាចក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះត្រូវបន្តពង្រឹងយន្តការដឹកនាំសម្របសម្រួលជាមួយមន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការពិនិត្យសិក្សាស្រាវជ្រាវ និងក្តាប់នូវបញ្ហាប្រឈមសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតប ចំគោលដៅនិងឆាប់រហ័សប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។


គួររំលឹកថា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ចំនួន២៥រូប នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១