កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នៅសាលាភូមិន្ទរដ្ឋបាល ឈានដល់វគ្គសិក្សាបញ្ចប់
កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នៅសាលាភូមិន្ទរដ្ឋបាល បានឈានមកដល់វគ្គសិក្សាបញ្ចប់ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ សិក្ខាកាមចំនួន ១៦៩នាក់ (នារី ៣១នាក់) មកពីក្រសួង ស្ថាប័នថ្នាក់ជាតិចំនួន ៣១ និងរដ្ឋបាលរាជធានី ខេត្ត បានចូលរួមក្នុងវគ្គសិក្សាបញ្ចប់នេះ ក្រោមអធិបតីភាពឯកឧត្ដម យក់ ប៊ុនណារដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល។ វគ្គសិក្សាបញ្ចប់នាព្រឹកនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល គ្រូឧទ្ទេសជាតិ-អន្តរជាតិ តំណាងធនាគារពិភពលោក និងសិក្ខាកាមសរុបចំនួន ២០០នាក់។
ថ្លែងក្នុងវគ្គសិក្សាបញ្ចប់ខាងលើនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានរំលឹកនូវ ប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា «ការកែទម្រង់ គឺរស់ បើមិនកែទម្រង់ គឺស្លាប់»។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ទស្សនៈនេះជាមូលដ្ឋានដ៏មានតម្លៃសម្រាប់អ្នកដឹកនាំ ឱ្យខិតខំដុសខាត់សមត្ថភាពផ្នែកទ្រឹស្ដី ទស្សនវិស័យ សេចក្តីសង្ឃឹម និងឆន្ទៈខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយនវានុវត្តន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរកាន់តែល្អប្រសើរពីមួយកម្រិត ទៅមួយកម្រិត។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានចែករំលែកនូវពុទ្ធិជាច្រើនទៀតជូនដល់អង្គសិក្ខាកាម រួមទាំងការលើកឡើងនូវប្រសាសន៍នានារបស់ថ្នាក់ដឹកនាំជុំវិញ ភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា ក្រៅពីការសិក្សានៅសាលាភូមិន្ទរដ្ឋបាន និងតាមប្រព័ន្ធអនឡាញ វគ្គសិក្សានេះ ក៏មានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាផ្ទាល់ចំនួន២គឺ៖ (១) នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសិក្ខាកាម សិក្សាដកបទពិសោធន៍ស្ដីពីបរិវត្តកម្មឌីជីថល លើការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យា (FMIS) និង (២) នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសិក្ខាកាម ដកស្រង់បទពិសោធន៍លើការគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា។
សូមជម្រាបថា កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នឹងត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល៕