សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុង«ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល»


នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុង «ពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល» នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានរាយការណ៍ពីសកម្មភាពបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដែលបានសម្រេចនូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេលជាង៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុប២៣,៨១៨ នាក់ (នារី ៥.០១៧ នាក់)។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣ អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមពីនេះ សាលាភូមិន្ទរដ្ឋបាលបាន និងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២,០២៤នាក់ (នារី ៨៧៩នាក់) វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សរុបចំនួន ៦០៣នាក់ (នារី ១៦៦) និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។


មានប្រសាសន៍នៅក្នុងកម្មវិធី សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈ។ សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមាន ស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗ ត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង មានស្វ័យវិន័យ ព្រមទាំងទំនួលខុសត្រូវដោយខ្លួនឯង ព្រោះថា អ្នកដែលបញ្ចប់ការសិក្សានៅទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអ្នកកាន់ការងារជាមេដឹកនាំនាថ្ងៃអនាគត។


ជុំវិញភាពជាមន្ត្រីរាជការនេះ សម្តេចមហាបវរធិបតី ក៏បានរំលេចអំពីសារៈសំខាន់នៃការជ្រើសរើសមន្ត្រីរាជការប្រកបដោយគុណភាព តាមរយៈការរៀបចំការប្រឡងប្រជែង ដែលក្រសួងមុខងារសាធារណៈ បានដឹកនាំអនុវត្តចំនួន ៦លើកកន្លងមកនេះ ក្នុងស្មារតី «ចេះ គឺជាប់ ជាប់ដោយមោទនៈ មិនជាប់ដោយអស់ចិត្ត»។ សម្តេចបានលើកឡើងថា​ ចំនួនអ្នកដាក់ពាក្យដ៏ច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ បានឆ្លុះបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធប្រឡងរបស់យើង។ សម្តេចបានបន្ថែមថា​នេះជាវិធីសាស្ត្រជ្រើសរើសមន្ត្រី ក្នុងស្មារតី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។


អង្គពិធីបានបញ្ចប់ដោយភាពស្និទ្ធស្នាល ហើយអ្នកចូលរួមទាំងអស់ទទួលបាននូវពុទ្ធិដែលជាចំណេះដឹង ប្រកបដោយអត្ថរស និងអត្ថន័យ ចេញពីអនុសាសន៍នានា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១