ពិធីបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការ ជំនាន់សាមគ្គីជាតិ និងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាល
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមថ្នាក់ដឹកនាំជាស្ត្រីព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាល ចំនួន ៩១៥នាក់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរដល់ជ័យលាភីទាំងអស់ និងសូមកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាលដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែមានសមត្ថភាពពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមធ្វើមន្ត្រីជើងពីរ កុំធ្វើមន្ត្រីជើង១០ ហើយក៏មិនត្រូវធ្វើជាមន្ត្រីប្រភេទគ្រាប់ល្ពៅទី១ដែរ។ មន្រ្តីជើងពីរមានការទទួលខុសត្រូវ និងចេះចុះជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយការទទួលខុសនិងត្រូវ និងចេះធ្វើការរួមគ្នាជាក្រុម។ កុំប៉ែងជើងគ្នា និងកុំក្តិចត្រួយ បើមានមន្ត្រីណាមានសមត្ថភាពពិតប្រាកដគឺយើងរុញឡើង។ ហើយចំពោះមន្ត្រីដែលបានធ្វើធំហើយ ក៏មិនត្រូវភ្លេចមន្ត្រីតូចតាចដែរ។