ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យនិងពិភាក្សាលើការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ


នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈសរុបចំនួនប្រមាណ ២៥០នាក់។


ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានមតិបើកអង្គប្រជុំដោយបានបញ្ជាក់ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំនេះគឺដើម្បីពិភាក្សារកចំណុចឯកភាពរួមគ្នាក្នុងការរៀបចំតែងតាំងប្រធានមន្ទីររាជធានី ខេត្ត ដោយអនុវត្តអនុលោមតាមយន្តការនីតិវិធីដែលមានកំណត់ក្នុងអនុក្រឹត្យលេខ ៩១ អនក្រ.បក ស្តីពីការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ ការតែងតាំងនេះ គឺផ្អែកលើប្រកាស ឬដីការតែងតាំងប្រធានមន្ទីររាជធានី ខេត្ត ដែលនៅជាធរមានបច្ចុប្បន្ន ពុំតម្រូវឱ្យមានការរុះរើសមាសភាពប្រធានមន្ទីរថ្មីឡើយ។


អង្គប្រជុំបានពិភាក្សាផ្តល់មតិយោបល់យ៉ាងលម្អិតទៅលើ៖ ១)យន្តការនីតិវិធីក្នុងការអនុវត្តការតែងតាំងប្រធានមន្ទីររាជធានី ខេត្ត ២)ទម្រង់នៃអនុក្រឹត្យតែងតាំង និង ៣)ផ្សេងៗ។


ជាចុងក្រោយ អង្គប្រជុំបានសម្រេចឯកភាព ទៅលើគោលការណ៍សមាសភាពសម្រាប់ការតែងតាំង និងការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ។ អង្គប្រជុំបានសម្រេចផងដែរថា ដើម្បីសម្រួលដល់ការអនុវត្ត ជានីតិវិធីនៃការតែងតាំង ក្រសួងសាម៉ីត្រូវធ្វើសំណើតែងតាំងមកក្រសួងមុខងារសាធារណៈ ដោយភ្ជាប់ជាមួយប្រកាស ឬដីការដែលមានជាធរមាន និងសំណុំឯកភាពពាក់ព័ន្ធរបស់ប្រធានមន្ទីរនីមួយៗ។


សូមរំលឹកផងដែរថា អនុក្រឹត្យលេខ ៩១ អនក្រ.បក ស្តីពីការដំឡើងថ្នាក់ស្មើនាយកដ្ឋានដល់អង្គភាពថ្នាក់ក្រោមជាតិ នេះដាក់ចេញដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤៕ Link ភ្ជាប់៖ https://www.mcs.gov.kh/?p=61830

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១