“អ្វីដែលយើងរៀបចំ គឺរៀបចំដើម្បីធានាការផ្តលឱកាសស្មើៗគ្នា ហើយនឹងឱកាសច្រើនដង ដើម្បីឱ្យយុវជន យុវនារីយើង ដែលមានបំណងប្រាថ្នា មានចិត្តចង់ ហើយអ្នកមួយចំនួនមានក្តីស្រមៃចង់ចូលរួមនៅការប្រកួតប្រជែងផ្អែកលើសមត្ថភាពរបស់ខ្លួននឹងក្លាយទៅជាមន្ត្រីរាជការស៊ីវិល។”

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដែលបានប្រព្រឹត្តទៅកាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា “ក្រោយពីបានគោលការណ៍ណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយនៅក្នុងសន្និសីទសារព័ត៌មានដែលខ្ញុំបានលើកឡើងហើយ ទី១ គឺសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហើយជាពិសេសផ្អែកទៅលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ផ្អែកទៅលើការជ្រើសរើសមន្ត្រីរាជការ ក្នុងការចូលបម្រើការងារក្នុងក្របខណ្ឌមុខងារសាធារណៈ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា “អ្វីដែលយើងរៀបចំ គឺរៀបចំដើម្បីធានាការផ្តលឱកាសស្មើៗគ្នា ហើយនឹងឱកាសច្រើនដង ដើម្បីឱ្យយុវជន យុវនារីយើង ដែលមានបំណងប្រាថ្នា មានចិត្តចង់ ហើយអ្នកមួយចំនួន មានក្តីស្រមៃ ចង់ចូលរួមនៅការប្រកួតប្រជែងផ្អែកលើសមត្ថភាពរបស់ខ្លួន នឹងក្លាយទៅជាមន្ត្រីរាជការស៊ីវិល”។ […] “តែក្តីស្រមៃនេះអាចសម្រេចទៅបាន គឺផ្អែកទៅលើសមត្ថភាពរៀងៗខ្លួន”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំដល់សាធារណជនថា “ខ្ញុំស្នើសុំឱ្យពុក ម៉ែ មា មីង បង ប្អូន ទាំងអស់ សូមតាមដានទៅលើអ្វីជាកិច្ចការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមុខងារសាធារណៈ ហើយសូមឱ្យមានការតាមដាន ចូលរួម ហើយនឹងផ្តល់នូវជំនឿទុកចិត្តសម្រាប់យើងខ្ញុំទាំងអស់គ្នា ដែលកំពុងតែខំប្រឹងប្រែងអនុវត្តអ្វីដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ហើយជាពិសេសក្រោមការណែនាំជាប្រចាំរបស់សម្តេចមហាបវរធិបតី យើងអាចធ្វើកិច្ចការងារនេះ បានសម្រេចក៏ដោយសារយើងរស់នៅក្រោមម្លប់នៃសុខសន្តិភាព”៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១