ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ


ពិធីបុណ្យវិសាខបូជាឆ្នាំនេះ ប្រារព្ធឡើងជាផ្លូវការ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ភ្នំឧដុង្គ) ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយ និងជាអតីតរាជធានីខ្មែរ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី។


ក្នុងពិធីនេះ ក៏មានវត្តមាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ចូលរួមផងដែរ ដោយបានបូជាទៀនធូប ផ្កាភ្ញី ចំពោះព្រះរតនត្រ័យ សមាទានសីល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ស ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧ សណ្តាន។


សូមបញ្ជាក់ជូនថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាល របស់ព្រះសម្មា សម្ពុទ្ធសមណគោត្ដម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។


ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុង ខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យសកលចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធ ធ្វើបាននៅទូទាំងពិភពលោកទៀតផងដែរ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១