ក្រុមការងារក្រសួងមុខងារសាធារណៈ ប្រជុំជំរុញការពិនិត្យ ពិភាក្សា ដំណើរការនៃការត្រួតពិនិត្យឡើងវិញ​ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន


ក្រសួងមុខងារសាធារណៈ ប្រជុំជំរុញការពិនិត្យ ពិភាក្សា ដំណើរការនៃការត្រួតពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការ ដែលទើបចាប់ប៉ុស្តិ៍ចូលបម្រើការងារនៅក្រសួងមុខងារសាធារណៈ។


មានប្រសាសន៍ក្នុងមតិបើកឯកឧត្តមប្រធានអង្គប្រជុំ បានរម្លឹកនូវវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ដែលក្រសួងមុខងារសាធារណៈ កំពុងអនុវត្ត ដែលជាការងារអាទិភាពនៃមុំទាំង៣ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមបានបញ្ជាក់ថា ការងារវិភាគមុខងាររបស់ក្រសួង-ស្ថាប័នទាំង៣០ ជាការងារអាទិភាពមួយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ហើយកំណត់ឱ្យចេញជាលទ្ធផល នៅខែមិថុនាខាងមុខនេះ ដោយរៀបចំក្រុមការងារ(ទ័ពស្រួច) ដោយមានការចូលរួមពីមន្ត្រីក្រមការ និងមន្ត្រីជាន់ខ្ពស់ដែលទើបចាប់ប៉ុស្តិ៍ជួយការងារបច្ចេកទេសអគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងសហការការងារស្នូលជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី។


ឯកឧត្តមប្រធានបានបន្ថែមទៅលើយន្តការងារពាក់ព័ន្ធក្នុងការវិភាគមុខងារក្រសួង-ស្ថាប័ន ត្រូវធ្វើរួមមាន៖ ១)-ស្ថានភាពបច្ចុប្បន្នក្រសួង-ស្ថាប័ន ២)-ពិនិត្យ និងវិភាគមុខងារឡើងវិញ ៣)-រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ៤)-លំហូរការងារ ៥)-ពិនិត្យទៅលើប្រភេទមុខតំណែង។


បន្ទាប់ពីស្តាប់ការរាយការណ៍វឌ្ឍនភាពការងារ និងមតិយោបល់ ជាធាតុចូល និងបញ្ហាចំពោះមុខក្នុងការអនុវត្តការងារជាក់ស្តែងរបស់សមាជិកអង្គប្រជុំរួចមក ឯកឧត្តមប្រធាន បានជំរុញចិត្តឱ្យក្រុមការងារទាំងអស់ រៀបចំទម្រង់របាយការណ៍ស្តង់ដារួមមួយ ដើម្បីងាយស្រួលធ្វើការបូកសរុប និងលើកទឹកចិត្តឱ្យក្រុមការងារចូលរួមអនុវត្តការងារប្រកបដោយឆន្ទៈ ទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីសាមគ្គីជាក្រុម ​ទើបការអនុវត្តការងារប្រព្រឹត្តទៅរលូន និងជោគជ័យរួមគ្នា ក្នុងជវភាពតែមួយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១