២០ ឧសភា «ទិវាជាតិនៃការចងចាំ»


ការបង្កើតទិវាជាតិនៃការចងចាំ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា​ ​ដើម្បីរំឭកដល់ជនរងគ្រោះ​ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ គឺជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីបែបសមូហភាព​ ដែលផ្តល់ដោយសាលាក្តីខ្មែរក្រហម។ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី «ទិវាជាតិនៃការចងចាំ» ដែលចុះហត្ថលេខា និងត្រានៅថ្ងៃទី១៤​ ខែកុម្ភៈ ​ឆ្នាំ២០១៨​ ដោយសម្តេច​អគ្គសេនាមហាបតីតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីរំឭកដល់ជនរងគ្រោះ​ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។


អនុក្រឹត្យ ​ស្តីពី ទិវាជាតិនៃការចងចាំ ដែលមាន៤ មាត្រា បានបញ្ជាក់ក្នុងមាត្រា១ ថារដ្ឋាភិបាលសម្រេចកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជា«ទិវាជាតិនៃ​ការចងចាំ» ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅកម្ពុជា សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។


អនុក្រឹត្យដដែលបន្ថែមថា ទិវាជាតិនៃការចងចាំនេះធ្វើឡើង ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិស ដល់ជនរងគ្រោះដែលបានស្លាប់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូល​រួមក្នុងការ​ផ្សះផ្សារជាតិ និងជំរុញឱ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការ​ផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឱ្យវាកើតមានសារជាថ្មី។


សូមឧទ្ទិស ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងភាពឈឺចាប់ ក្នុងឧក្រិដ្ឋកម្មដែលបានកើតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១