តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ គាភីទាំងពីរបានសម្រេចការងារជាច្រើនផ្នែក ច្រើនវិស័យរួមទាំងការងារជុំវ័យមុខងារសាធារណៈផងដែរ
តាមរយៈសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានបង្ហាញថា «ភាគីទាំងពីរ បានឯកភាព បន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ដែលបានចុះហត្ថលេខាដោយក្រសួងមុខងារសាធារណៈរបស់កម្ពុជា និងក្រសួងគ្រប់គ្រងបុគ្គលិកនៃសាធារណរដ្ឋកូរ៉េ កាលពីខែតុលា ឆ្នាំ២០២១។ បន្ថែមពីលើនេះ ភាគីទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ លើវិស័យមុខងារសាធារណៈ។ ភាគីសាធារណរដ្ឋកូរ៉េ បានសម្តែងការគាំទ្រលើគម្រោងកសាងសមត្ថភាព របស់សាលាភូមិន្ទរដ្ឋបាលកម្ពុជា ឆ្នាំ២០២៥-២០២៩ ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េបានធ្វើការសិក្សា និងអនុម័តរួចហើយ។»
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ ចាប់ពី ថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ទស្សនកិច្ចនេះ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យូន ស៊ុក យ៉ល ពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យមានភាពស្និទ្ធស្នាលបន្ថែមទៀត៕